កែប៖នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦នេះ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប អមដំណើរដោយអាជ្ញាធរក្រុង សង្កាត់ និងក្រុមការងារចុះមូលដ្ឋាន បានចុះសួរសុខទុក្ខ និងនាំយកអំណោយជូនដល់ប្រជាពលរដ្ឋជួបការលំបាក ចំនួន១២គ្រួសារ ស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។
មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានពាំនាំនូវការផ្តាំផ្ញើសាកសួរទុក្ខដោយក្តីនឹករលឹក ពីសំណាក់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលសម្ដេច តែងតែគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដោយមិនទុកឱ្យពលរដ្ឋណាម្នាក់ស្លាប់ដោយអត់ស្បៀង ឬគ្មានការដោះស្រាយនោះឡើយ។
ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់ថា រដ្ឋបាលខេត្តកែប ព្រមទាំងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ គឺតែងតែចុះជួបផ្ទាល់ជាមួយបងប្អូនដើម្បីស្ដាប់រាល់ក្តីកង្វល់ សំណូមពរ និងស្វែងរកដំណោះស្រាយនានា ក្នុងគោលដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យកាន់តែល្អប្រសើរឡើង។
ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត និងក្រុមការងារ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យបន្តជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល រក្សាបាននូវសាមគ្គីភាពល្អក្នុងគ្រួសារ និងសហគមន៍ ព្រមទាំងយកចិត្តទុកដាក់ថែរក្សាអនាម័យ បរិស្ថាន និងសុខភាពអោយបានល្អ ក្នុងរដូវកាលនេះ។
សូមបញ្ជាក់ផងដែរថា អំណោយដែលបានឧបត្ថម្ភដល់គ្រួសារទាំង១២ រួមមាន៖ អង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកសុទ្ធ មី មុង ភួយ ចានដែក និងថវិកាមួយចំនួន ដើម្បីជួយសម្រាលការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនបានមួយកម្រិត៕









No comments:
Post a Comment