ដីសាធារណៈ «រួមភូមិ» ប្រមាណជា ១ហិចតា ត្រូវបានលោក មេភូមិលក់យកលុយ យ៉ាងអាថ៌កំបាំង ខណៈចៅសង្កាត់ព្រៃស ឆ្លើយថាអត់ដឹងទេ
តាមសេចក្តីរាយការណ៍បានឱ្យដឹងថា «ដីរួមភូមិ ប្រមាណជា១ហិចតា ត្រង់ចំណុចភូមិរកាកុះ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវបានលោកមេភូមិ ទូច តាំងស្រួ លក់យកលុយយ៉ាងអាថ៌កំបាំងបំផុត»។
ករណីនេះលោក សួង សំអុល ចៅសង្កាត់ព្រៃស បានបំភ្លឺប្រាប់ប្រាប់សារព័ត៌មានថា «លោកមិនដឹងនោះទេ ការលក់ដីជារឿងមេភូមិ គាត់មិនដឹងឮអ្វីបន្តិចទាល់តែសោះ និងប្រាប់ឲ្យសារព័ត៌មានទៅជួបសួរមេភូមិដោយខ្លួនឯង»។
លោក ទូច តាំងស្រួ មេភូមិរកាកុះ បានបំភ្លឺប្រាប់ សារព័ត៌មានថា «ដីរួមភូមិនេះលោកពិតជាបានយកលក់ឲ្យឈ្មួញពិតប្រាកដមែន និងទទួលលុយកក់មួយចំនួនទៀតផង ហើយករណីនេះលោកចៅសង្កាត់ក៏ដឹងឮដែរ ឯកសារពាក់ព័ន្ធទាំងអស់គឺដំកល់ទុកនៅសាលាសង្កាត់ព្រៃស»!
លោកភូមិរូបនេះបានបញ្ជាក់ទៀតថា «លុយដែលយកបានពីការលក់ដីនេះ គឺយកទៅអភិវឌ្ឃន៍ផ្លូវក្នុងភូមិ និងយកទៅកសាងសាលាបុណ្យ និងមានវិក័យប័ត្រចំណូលចំណាយត្រឹមត្រូវ ដឹងឮដោយគណៈកម្មការភូមិ»!
យ៉ាងណាពាក់ព័ន្ធសាច់ប្រាក់ ដែលទទួលបានពីការលក់ដី និង វិក័យប័ត្រចំណូលចំណាយផ្សេងៗ លោក ទូច តាំងស្រួ មេភូមិរកាកុះ រូបនេះ មិនអាចបង្ហាញប្រាប់សារព័ត៌មានបានទេ ថាលុយដែលបានពីការលក់ដីសរុបចំនួនប៉ុន្មាន ហើយលុយដែលចំណាយចេញវិញសរុបចំនួនប៉ុន្មាន ហើយចំណាយលើអ្វីខ្លះ?
ជាមន្ទិលសង្ស័យជាខ្លាំង ពីសាធារណជន និងភាពអាថ៌កំបាំងបំផុត ពាក់ព័ន្ធទៅនិងការលក់ដីសាធារណៈ «ដីរួមភូមិ» ខណៈលោក សួង សំអុល ចៅសង្កាត់ព្រៃស ឆ្លើយថា «គោ» ចំណែកឯលោកមេភូមិឆ្លើយថា «ក្របី» ជាសញ្ញាមួយបង្ហាញពីភាពមិនប្រក្រតី
ដែលមន្ត្រីមូលដ្ឋានរួមគំនិតគ្នាលក់ដីសាធារណៈ បង្កើតអំពើពុករលួយជាលក្ខណៈប្រព័ន្ធ ដែលតម្រូវឱ្យលោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ បង្កើតគណៈកម្មាការស៊ើបអង្កេតជាបន្ទាន់ និងបកស្រាយបំភ្លឺជាសាធារណៈ៕👇

No comments:
Post a Comment