សូមស្វាគមន៍ www.k-takeopost.com.kh / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ លោក មាស នីម អាស័យដ្ឋាន៖ នៅភូមិអង្គរផ្ទៀក ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ លោក / ទំនាក់ទំនងតាមរយៈលេខ៖ Tele: 0977770751

Breaking

Wednesday, August 19, 2026

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ជំរុញការកែច្នៃផលិតផលខេត្តកែប ដើម្បីពង្រីកទៅកាន់ទីផ្សារអន្តរជាតិ




កែប៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ អ្នកតំណាងរាស្ត្រ​ប្រចាំមណ្ឌលខេត្តកែប និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានជំរុញឱ្យមានការយកចិត្តទុកដាក់លើការកែច្នៃ វេចខ្ចប់ និងបង្កើនគុណភាពផលិតផលដែលមានសក្តានុពលរបស់ខេត្តកែប ជាពិសេសផលិតផលជលផល ដើម្បីបង្កើនតម្លៃបន្ថែម និងពង្រីកលទ្ធភាពនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។

មានប្រសាសន៍​លើកឡើងបែបនេះ​ នារសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ក្នុងឱកាសឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប និងលោកជំទាវ ម៉ារាកេតា កុល្ស ហាយកូវ៉ា (Markéta Kolc Hájková) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆែក ប្រចាំព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីក្នុងព្រឹត្តិការណ៍ពិព័រណ៍វប្បធម៌ឆែក ដែលរៀបចំនៅសាលប្រជុំស្តង់ដាសាលាខេត្តកែប។

ក្នុងឱកាសនោះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ បានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសាធារណរដ្ឋឆែក មិនគួរផ្តោតតែលើការផ្លាស់ប្តូរវប្បធម៌ប៉ុណ្ណោះទេ ប៉ុន្តែគួរពង្រីកទៅដល់វិស័យពាណិជ្ជកម្ម ការវិនិយោគ និងការផ្លាស់ប្តូរផលិតផលរវាងប្រទេសទាំងពីរ។

ឯកឧត្តមបានសង្កត់ធ្ងន់ថា ផលិតផលដែលមានសក្តានុពលរបស់ខេត្តកែប គួរត្រូវបានជំរុញឱ្យមានការកែច្នៃ និងវេចខ្ចប់ឱ្យបានល្អ ព្រមទាំងបង្កើនគុណភាពស្របតាមតម្រូវការទីផ្សារ ដើម្បីអាចប្រកួតប្រជែង និងចូលទៅកាន់ទីផ្សារអន្តរជាតិ។

បន្ថែមពីនេះ ឯកឧត្តមបានលើកឡើងពីផលិតផលក្តាមសេះ​ របស់ខេត្តកែប ដែលមានកេរ្តិ៍ឈ្មោះ និងសក្តានុពលខ្ពស់ ដោយចាត់ទុកថា ការបង្កើតសហគ្រាស ឬរោងចក្រកែច្នៃផលិតផលក្តាម អាចជួយបង្កើនតម្លៃផលិតផល បង្កើតការងារជូនប្រជាពលរដ្ឋ និងបង្កើនប្រាក់ចំណូលក្នុងមូលដ្ឋាន ព្រមទាំងបង្កើតឱកាសសម្រាប់ការនាំចេញទៅកាន់ទីផ្សារបរទេស។

ទន្ទឹមនោះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ក៏បានបង្ហាញក្តីសង្ឃឹមថា ទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងសាធារណរដ្ឋឆែក នឹងក្លាយជាមូលដ្ឋានសម្រាប់ការពង្រីកកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម ព្រមទាំងទាក់ទាញអ្នកវិនិយោគឆែកឱ្យមកសិក្សាស្វែងយល់ និងស្វែងរកឱកាសវិនិយោគនៅខេត្តកែប។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ បានលើកឡើងថា ខេត្តកែបមានសក្តានុពលលើវិស័យទេសចរណ៍ កសិកម្ម និងជលផល ហើយបានបង្ហាញក្តីសង្ឃឹមថា កិច្ចសហប្រតិបត្តិការជាមួយភាគីឆែក នឹងអាចពង្រីកទៅលើវិស័យទេសចរណ៍បៃតង ការការពារបរិស្ថាន បច្ចេកវិទ្យា កសិកម្ម និងការអប់រំ។

ស្រមគ្នានោះ លោកជំទាវ ម៉ារាកេតា កុល្ស ហាយកូវ៉ា បានបញ្ជាក់ពីការត្រៀមខ្លួនរបស់ស្ថានទូតសាធារណរដ្ឋឆែក ក្នុងការគាំទ្រ និងចូលរួមធ្វើឱ្យគំនិតផ្តួចផ្តើមនានា ក្លាយទៅជាសកម្មភាព និងសមិទ្ធផលជាក់ស្តែង ព្រមទាំងបន្តពង្រឹងទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរ។

គូរំលឹកថា ការជំរុញឱ្យមានការកែច្នៃ និងបង្កើនគុណភាពផលិតផលក្នុងខេត្តកែប ត្រូវបានចាត់ទុកថា ជាកត្តាសំខាន់មួយក្នុងការបង្កើនតម្លៃផលិតផលក្នុងស្រុក បង្កើតការងារ និងបើកឱកាសថ្មីៗសម្រាប់ការនាំផលិតផលខេត្តកែបទៅកាន់ទីផ្សារអន្តរជាតិ ស្របតាមការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសាធារណរដ្ឋឆែក៕









No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages