ខេត្តកែប៖ លោកស្រី អ៊ូ សុគន្ធី ប្រធានមន្ទីរកិច្ចការនារីខេត្តកែប បានលើកឡើងថា ដើម្បីលើកកម្ពស់សមភាពយេនឌ័រ និងជួយដល់ប្រជាពលរដ្ឋដែលគ្មានការងារធ្វើ ឱ្យមានជំនាញសម្រាប់បង្កើតមុខរបរ និងអាជីពផ្ទាល់ខ្លួន មន្ទីរកិច្ចការនារីខេត្តកែប បានបង្កើតមណ្ឌលបណ្តុះបណ្តាលកាត់ដេរចំនួន២ទីតាំង គឺនៅភូមិថ្មី និងសាលាបច្ចេកទេស ដុន បូស្កូ ខេត្តកែប។
លោកស្រី អ៊ូ សុគន្ធី បានលើកឡើងដូចនេះ ក្នុងឱកាសដែលមន្ទីរកិច្ចការនារីខេត្តកែប រៀបចំសិក្ខាសាលាស្តីពី «យេនឌ័រ និងអាជីវកម្ម» នាព្រឹកថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំមន្ទីរកិច្ចការនារីខេត្តកែប ក្រោមអធិបតីភាពលោកជំទាវ ដួង កែវចិន្តា សមាជិកាក្រុមប្រឹក្សាខេត្តកែប ដោយមានការចូលរួមពីតំណាងមន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ លោកនាយក លោកគ្រូ និងក្រុមយុវជនស្ម័គ្រចិត្តអាជីវកម្ម នៃវិទ្យាល័យ ហ៊ុន សែន ចំការដូង សរុបប្រមាណ៧៥រូប។
ឆ្លៀតក្នុងឱកាសនោះ លោកស្រីបានលើកឡើងថា ការរៀបចំសិក្ខាសាលានេះ មានគោលបំណងលើកកម្ពស់សមភាពយេនឌ័រក្នុងវិស័យសេដ្ឋកិច្ច និងកាត់បន្ថយគម្លាតរវាងស្ត្រី និងបុរស ក្នុងការទទួលបានឱកាសធ្វើអាជីវកម្ម ការគ្រប់គ្រងធនធាន ការទទួលបានទីផ្សារ ព្រមទាំងការចែករំលែកបទពិសោធន៍ជាក់ស្តែង។
លោកស្រីបន្តថា ការលើកកម្ពស់សមភាពយេនឌ័រ មិនត្រឹមតែផ្តោតលើការផ្តល់ឱកាសស្មើគ្នារវាងស្ត្រី និងបុរសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវជួយឱ្យប្រជាពលរដ្ឋដែលគ្មានការងារធ្វើ ទទួលបានការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដើម្បីអាចបង្កើតមុខរបរ ឬអាជីពផ្ទាល់ខ្លួន និងចូលរួមលើកកម្ពស់ជីវភាពគ្រួសារ។
ទន្ទឹមនឹងនេះ លោកស្រីបានលើកទឹកចិត្តដល់ក្រុមយុវជនស្ម័គ្រចិត្ត និងសិក្ខាកាមទាំងអស់ ឱ្យខិតខំក្រសោបយកចំណេះដឹង និងបទពិសោធន៍ដែលទទួលបានពីសិក្ខាសាលា ទៅអនុវត្តជាក់ស្តែង ព្រមទាំងផ្សព្វផ្សាយបន្តនៅក្នុងសហគមន៍របស់ខ្លួន ដើម្បីរួមចំណែកលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនឱកាសសេដ្ឋកិច្ចនៅមូលដ្ឋាន៕








No comments:
Post a Comment