![]() |
![]() |
ខេត្ត ព្រះសីហនុ) : កាលពីរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃ គណៈ អភិបាល ខេត្ត ព្រះសីហនុ បាន អញ្ជើញចូលរួម ពិធីសំណេះសំណាលជាមួយសិស្សជ័យលាភីនិទ្ទេស A ចំនួន ៥៦នាក់ ដែលជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងសម័យប្រលង ថ្ងៃ២៨ ខែសីហា ឆ្នាំ២០២៥ ក្រោម អធិបតីភាព ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាប្រធាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ពិធី នេះ ប្រារព្ធ ធ្វេី ឡេីង នៅ សាល ប្រជុំ មន្ទីរ គណបក្ស ប្រជាជន កម្ពុជា ក្នុង សង្កាត់លេខ ១ ក្រុងព្រះសីហនុ។
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានវាយតម្លៃ ចំពោះថ្នាក់ដឹកនាំ បុគ្គលិកសិក្សា នៃមន្ទីរអប់រំយុវជន និងកីឡា ខេត្ត គណៈគ្រប់គ្រងវិទ្យាល័យ លោកគ្រូ អ្នកគ្រូ ទាំងគ្រឹះស្ថាន សាធារណៈ និងឯកជនបានខិតខំយកអស់កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតី និងបច្ចេកទេសក្នុងការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាព សមត្ថភាព មានចំណេះ ដឹង ចំណេះធ្វើ មានសីលធម៌ល្អ និងជាទំពាំងស្នងឬស្សីជា មូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចលើគ្រប់វិស័យ ជាពិសេសបានខិតខំបង្ហាត់បង្រៀនក្មួយៗ សិស្សជ័យលាភីប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រលង៖ ២៨សីហា ២០២៥ បានទទួលលទ្ធផលយ៉ាងត្រចះត្រចង់គួរជាទីមោទក ដូច មានសក្ខីភាពបញ្ជាក់ជូននាពេលនេះ។
សូមអរគុណចំពោះមាតាបិតា អាណាព្យាបាលតែងតែបានតស៊ូលះបង់គ្រប់យ៉ាងដោយមិន ខ្លាចការនឿយហត់ ដើម្បីអនាគតរុងរឿងរបស់កូនចៅគ្រប់ៗរូប។ ខ្ញុំ សូមអបអរសាទរចំពោះក្មួយៗទាំងអស់តែងតែប្រកាន់ខ្ទប់នូវបីល្អ គឺ កូនល្អ សិស្សល្អ មិត្តល្អ ដោយបានខិតខំយកចិត្តទុកដាក់ក្នុង ការសិក្សា ស្តាប់ទាំងលោកគ្រូអ្នកគ្រូ ស្តាប់ទាំងឪពុកម្តាយនៅផ្ទះ ជួយមិត្តភក្តិទៅវិញទៅមក និងបានប្រឡងជាប់សញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ជាពិសេសទទួលបាននិទ្ទេស «A»។ ហើយនៅពេលខាងមុខ សូមបន្តការខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីប្រែក្លាយខ្លួនជាយុវជនបន្តវេនសម្រាប់ប្រទេសជាតិយើង។
ឯកឧត្តម អភិបាលខេត្ត បានបន្តថា លទ្ធផល នៃការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥ បេក្ខជនមកប្រឡងសរុបចំនួន ២ ២១១នាក់ ស្រី ១ ១៤៦នាក់ បានប្រឡងជាប់ជាស្ថាពរចំនួន ២ ០០៤នាក់ ស្មើនឹង ៩០,៦៤% ស្រី ១ ០៧៥នាក់ ស្មើនឹង ៩៣,៨% ក្នុងនោះ៖ បេក្ខជនជាប់និទ្ទេសA ៖ ៥៦នាក់ ស្រី ២៦នាក់ បេក្ខជនជាប់និទ្ទេសB ៖ ១៦៩នាក់ ស្រី ៩០នាក់ បេក្ខជនជាប់និទ្ទេស ៖ ៥៣៩នាក់ ស្រី ៣២៣នាក់ បេក្ខជនជាប់និទ្ទេសD ៖ ៧៦៨នាក់ ស្រី ៤១២នាក់ បេក្ខជនជាប់និទ្ទេស ៖ ៤៧២នាក់ ស្រី ២២៤នាក់(បើប្រៀបធៀបជាមួយឆ្នាំ២០២៤ សិស្សនិទ្ទេស A កើនបាន ចំនួន១១នាក់ ដោយឡែកនិទ្ទេសគឺមានការថយចុះ ដែលជាកត្តា បង្ហាញឱ្យឃើញថាគុណភាពវិស័យអប់រំនៅក្នុងខេត្តគឺមានការ កើនឡើង)។
ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំ ដែនដីនគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ មានប្រសាសន៍ សំណេះសំណាលជាមួយសិស្សជ័យលាភីនិទ្ទេស A និងចូលរួម អបអរសាទរកូនៗដែលទទួលបាននិទ្ទេស A ជាពិសេសលោកគ្រូ អ្នកគ្រូដែលបានជួយបណ្តុះបណ្តាលធ្វើឱ្យសិស្សរបស់យើង ទទួលលទ្ធផលផ្លែផ្កា ពីមួយឆ្នាំទៅមួយឆ្នាំ។ នេះជាភាពជោគជ័យ ក្នុងខ្សែជីវិតរបស់យើងក្នុងការបណ្តុះបណ្តាល ដូច្នេះយើងត្រូវ មានការអំណត់ និងវិន័យល្អ ហើយចំពោះសិស្សបាននិទ្ទេស A មិនមែនបានមកពីការបង្ហាត់បង្រៀនពីលោកគ្រូ អ្នកគ្រូតែមួយមុខនោះទេ គឺបានមកពីគុណតម្លៃពីមន្ត្រីរាជការស៊ីវិល កងកម្លាំង ប្រដាប់អាវុធ ប្រជាពលរដ្ឋចូលរួមក្នុងការទទួលខុសត្រូវធ្វើឱ្យយើង មានឱកាស បានសិក្សារៀនសូត្រនាពេលនេះ។ ទន្ទឹមនោះវិស័យ ឯកជនក៏បាននឹងកំពុងបន្តវិនិយោគនៅក្នុងខេត្តរបស់យើង យើង ត្រូវដាក់ទិសដៅជំហានដើររួមគ្នាកែសម្រួលសាលារៀនឱ្យមានអនាម័យ បរិស្ថាន ប្រកបដោយសោភ័ណភាពនៅក្នុងសហគម ខេត្តព្រះសីហនុ ដើម្បីបង្កើតការងារបន្ថែមទៀតនៅខេត្តព្រះសីហនុ ចំពោះការសម្រេចចិត្តរបស់មាតា បិតា និងអាណាព្យាបាល និង ការតាំងចិត្តរបស់ខ្លួនយើងផង ទើបទទួលបានជោគជ័យ ក៏ប៉ុន្តែ ជោគជ័យរបស់យើងត្រូវតែខិតខំបន្ថែមទៀតសម្រាប់ខ្លួនយើង ក្រុមគ្រួសារ និងសង្គមជាតិ៕
No comments:
Post a Comment